Articles in Category: Classes

សារសំខាន់នៃការចូលរួមរបស់ឪពុកម្ដាយក្នុងការសិក្សារបស់កូន

on Tuesday, 10 October 2017. Posted in Classes, Parenting Tips, Activities

ការ​ចូលរួម​របស់​ឪពុក​ម្ដាយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ការ​សិក្សា​របស់​កូន។ វា​អាច​បង្កើត​នូវ​ភាព​ខុស​ប្លែក​ក្នុង​ជីវិត​សិក្សា​របស់​កូន​របស់​អ្នក ទាំង​ក្នុង​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​ការ​រីករាយ​នៅ​សាលា​រៀន។

large thumb 001parent teach

ហេតុអ្វីបានជាត្រូវមានការចូលរួម?

ការ​ចូលរួម​របស់​ឪពុកម្ដាយ​ត្រូវ​បាន​គេ​សម្គាល់​ដោយ​មាន​ការ​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ឥរិយាបថ វត្តមាន​ទៀងទាត់​នៅ​សាលា និង​អាកប្បកិរិយា​វិជ្ជមាន។ បន្ថែម​ពី​នេះ​ទៀត ការ​ចូលរួម​របស់​អ្នក​អាច​បង្ហាញ​កូន​របស់​អ្នក​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សិក្សា​របស់​ពួក​គេ។ មូលហេតុនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កូនៗ​ឱ្យ​តម្លៃ​លើ​សារ​សំខាន់​នៃ​ការ​សិក្សា និង​អាច​ឱ្យ​ពួក​គេ​យល់​ពី​គោល​បំណង​ដែល​ពួកគេ​កំពុង​ធ្វើអ្វី​មួយ​ថែម​ទៀត​ផង។

ការ​ចូល​រួម​របស់​ឪពុក​ម្ដាយ​ផ្ដល់​នូវ​បណ្ដាញ​គាំ​ទ្រ​សម្រាប់​​កូន​ដែល​មាន​សារ​សំខាន់​ពេល​ដែល​ពួក​គេ​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ក្នុង​ការ​សិក្សា ឬ​បញ្ហា​នានា​ទាក់​ទង​នឹង​មិត្តភាព ឬ​ក៏​សកម្មភាព​សិក្សា​បន្ថែម​ជាដើម​។ នេះ​មាន​ន័យថា​អ្នក​ដឹង​ច្បាស់​ថាវិថី​អប់រំ​ណា​ដែល​កូន​លោក​អ្នក​កំពុង​ដើរ និង​អាច​ចូល​រួម​ចំណែក​ពេល​គេ​មាន​បញ្ហា ឬ​ទទួល​ជោគជ័យ​ទៀត​ផង។

សរុប​មក កុមារ​ណា​ដែល​មាន​ឪពុកម្ដាយ​ចូលរួម​ក្នុង​ការ​សិក្សា​អប់រំ​ជាមួយ ច្រើនតែ​មាន​ការ​គោរព​ខ្លួន​ឯង​ច្រើន មាន​វិន័យ​ល្អ មាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង​ខ្ពស់ អាច​ទទួល​បាន​និទ្ទេស​ល្អ​ក្នុង​ការ​សិក្សា​ដោយ​មិន​ចាំ​បាច់​ត្រូវ​គិត​ពី​ជីវភាព ស​ង្គម ឬ​សញ្ជាតិ​អ្វី​ឡើយ។

អត្ថប្រយោជន៍សម្រាប់អ្នក

ដូចគ្នា​នឹង​ការ​បង្កើត​កម្លាំង​ជំរុញ​ទឹក​ចិត្ត និង​ការ​ផ្ដល់​នូវ​វិន័យ​ដល់​កូនៗ​ដែរ ការ​ចូលរួម​ចំណែក​របស់​លោក​អ្នក​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​អ្នក។ ការ​ដែល​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​របស់​កូន អ្នក​នឹង​ដឹង​ថា​តើកូន​មាន​តម្រូវ​ការ​ផ្នែក​អារម្មណ៍ និង​ផ្នែក​សង្គម​អ្វី​ខ្លះ។

ការ​ចូល​រួម​របស់​ឪពុក​ម្ដាយ​បង្កើត​នូវ​ចំណង​ដ៏​រឹង​មាំ​ជាមួយ​កូនៗ និង​អាច​បង្កើន​ទំនុកចិត្ត​នៃ​ភាព​ជា​ឪពុក​ម្ដាយ​កាន់​តែ​ខ្លាំង ព្រម​ទាំង​អាច​សម្រេច​ចិត្ត​បាន​គ្រប់​រឿង​ពេល​ដែល​ទាក់ទង​នឹង​ការ​សិក្សា​របស់​កូន។

វាក៏​អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​អ្នក​នឹង​ខាង​សាលារៀន​កាន់​តែ​ល្អ អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​គ្រូ ឪពុក​ម្ដាយ និង​សិស្ស​កាន់​តែ​ជិត​ដិត។ ចំណុច​ទាំង​នេះ​ហើយ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​មាន​ជំនឿ​ចិត្ត​ច្រើន​ជាង​មុន​នៅ​សាលា​រៀន​ចំពោះ​ការ​សិក្សា​អប់រំ​របស់​កូន។ សាលា​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ឪពុក​ម្ដាយ​សិស្ស​ក្នុង​កម្រិត​ខ្ពស់​តែងតែ​មាន​ការ​ជួយគាំទ្រ​សហគមន៍​បាន​ល្អ និង​មាន​កិត្តិនាម​វិជ្ជមាន។ ជាង​នេះ​ទៀត​ ពេល​ដែល​កូន​របស់​អ្នក​ឃើញ​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​សាលា​ចំពោះ​ការ​សិក្សា​របស់​ពួក​គេ ពួកគេ​នឹង​យល់​ពីសារសំខាន់​នៃ​ការ​សិក្សា​របស់​ពួក​គេ។

អត្ថប្រយោជន៍សម្រាប់កូនរបស់អ្នក

ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា 2/3 នៃ​គ្រូ​បង្រៀន​ជឿ​ថា​ការ​ចូល​រួម​ពី​ឪពុកម្ដាយ​ចំពោះ​ការ​សិក្សា​របស់​កូន​អាច​ឱ្យ​ពួកគេ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា។ ដូចការ​រៀបរាប់​ខាង​លើ កុមារ​នឹង​ទទួល​បាន​ពិន្ទុ​ល្អ​ជាង​មុន និង​មាន​ចិត្ត​ចង់​រៀន​ជាង​មុន​ពេល​ដែល​ឪពុក​ម្ដាយ​គេ​មាន​ការ​ចូល​រួម​ជាមួយ​ពួក​គេ។ ក្នុង​នោះ​មាន​ហេតុផល​មួយ​ចំនួន​សម្រាប់​ការ​អះ​អាង​នេះ។

ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ចូលរួម​របស់​ឪពុកម្ដាយ​ជួយ​ឱ្យ​កូន​មាន​ស្មារតី និង​អាច​ឱ្យ​ពួកគេ​​យល់​ថា​ការ​សិក្សា​របស់​ពួក​គេ​ គឺ​ជា​ចំណាប់​អារម្មណ៍​ដ៏​មាន​តម្លៃ​សម្រាប់​មនុស្ស​ធំ។ ព្រោះ​តែ​កុមារ​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​មនុស្ស​ធំ យើងជា​ឪពុក​ម្ដាយ​ត្រូវ​តែ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​សិក្សា​របស់​ពួក​គេ ដើម្បី​ឱ្យ​ពួក​គេ​អាច​រៀន​ពី​សារ​សំខាន់​នៃ​ការ​សិក្សា និង​ព្យាយាម​ធ្វើ​តាម​ឪពុក​ម្ដាយ​របស់​ពួក​គេ។ វា​ក៏​អាច​ជួយ​ឱ្យ​កូន​របស់​អ្នក​យល់​ថា​ការ​សិក្សា​របស់​ពួក​គេ​មិន​មែន​សម្រាប់​តែ​ពួក​គេ​ប៉ុណ្ណោះ​ទេ។ វា​ក៏​ជា​កិច្ច​សហការ​របស់​សិស្ស គ្រូ និង​ឪពុក​ម្ដាយ​របស់​ពួកគេ​ផង​ដែរ។ ពេល​ដែល​អ្នក​ទាំង ៣ សហការ​គ្នា​នោះ​នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​នា​ពេល​អនាគត។ កុមារ​ដែល​មាន​ការ​ជួយ​ពី​ឪពុក​ម្ដាយ គេ​នឹង​មាន​អារម្មណ៍​ចង់​រៀន​ខ្លាំង ហើយ​វត្តមាន​នៅ​សាលា​ក៏​កាន់​តែ​សំខាន់​សម្រាប់​ពួក​គេ។

ការ​ចូលរួម​ពី​អ្នក​ក៏​អាច​ជំរុញ​សុខភាព​ផ្លូវចិត្ត​កូន​ផង​ដែរ។ វា​ជួយឱ្យ​មាន​ទំនាក់​ទំនង​រវាង​កូន និង​ឪពុកម្ដាយ ដែល​អាច​បង្កើត​នូវ​ការ​គោរព​ខ្លួនឯង និង​ភាព​ជឿជាក់​ខ្ពស់។ វា​ក៏​អាច​ជួយ​កុមារ​ឱ្យ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយនឹង​មិត្ត​របស់​ពួក​គេ និង​បង្កើត​ជំនាញ​​ទំនាក់​​ទំនង​​ក្នុង​​សង្គម​​ជា​ដើម។

ដោយ​សារ​​តែ​​ការ​​ចូល​រួម​​​ពី​​ឪពុក​ម្ដាយ​​មាន​សារ​សំខាន់​ច្រើន​សម្រាប់​អ្នក គ្រូ​បង្រៀន និង​កូន​ហើយ​នោះ​  អ្នក​ត្រូវ​ជួយ​គាត់​ដោយ​គិត​ថា​អ្នក​អាច​ធ្វើអ្វី​ខ្លះ​ដើម្បី​អាច​ចូល​រួម​ជាមួយ​ពួក​គេ​បាន៕

អត្ថបទដើម៖ The Importance of Parental Involvement in Your Child's Education

ឃ្លាទាំង ៥២ សម្រាប់កសាងអាកប្បកិរិយាល្អដល់កុមារ

on Thursday, 22 June 2017. Posted in Classes, Parenting Tips, Activities

kcc slide prek01

បកប្រែពី៖ 52 Character Building Thoughts for Children

ដោយអនុបណ្ឌិតផ្នែកអប់រំ លៀ ដាវីស (Leah Davies, M.Ed)

ឃ្លា​ខាងក្រោម​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើ​ក្នុង​វិធី​ផ្សេងៗ​ដោយ​គ្រូ និង​អ្នក​ប្រឹក្សា​នានា​។ លោកអ្នក​អាច​យក​ឃ្លា​ណា​មួយ​មក​ប្រើ​ក្នុង​មួយ​សប្ដាហ៍​មួយ​ដើម្បី​ទុក​ជា​ការ​ពិភាក្សា ហើយ​សិស្ស​អាច​អាន និង​ឆ្លើយ​សំណួរ​ពិត​ពី​អ្វី​ដែល​ពួកគេ​បាន​យក​ឃ្លា​ណា​មួយ​មក​ប្រើ​ក្នុង​ជីវិត​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍​។ ពួក​គេ​អាចលើក​ជា​ឧទាហរណ៍​តាម​រយៈ​ការ​សរសេរ ឬ​និយាយ​ដោយ​ផ្ទាល់ ឬ​ក៏​គូរ​រូប​ដើម្បី​បង្ហាញ​ពី​គំនិត​របស់​ពួក​គេ។

  1. អ្វី​ដែល​គេ​មើល​ឃើញ​ពី​ខ្ញុំ​មិន​សំខាន់​ដូច​អ្វី​ដែល​ខ្ញុំ​ប្រព្រឹត្ត​ឡើយ។
  2. ខ្ញុំ​ធ្វើ​ដាក់​អ្នក​ដទៃ​តាម​អ្វី​ដែល​ខ្ញុំ​ចង់​ឱ្យ​ពួក​គេ​ធ្វើ​មក​លើ​ខ្ញុំ។
  3. ខ្ញុំ​គឺ​ជា​អ្នក​លេង​កីឡា​ដ៏​ល្អ ខ្ញុំ​គោរព​តាម​បទ​បញ្ជា លេង​តាម​លំដាប់ និង​វេន និង​លេង​ដោយ​ស្មើ​ភាព​។
  4. ខ្ញុំ​អាច​សើច​ចំពោះ​វត្ថុ​កំប្លែងៗ​ តែ​មិន​អាច​សើច​ចម្អក​ដាក់​អ្នក​ដទៃ​ឡើយ។
  5. ខ្ញុំ​មិន​និយាយ​ដើម ចចេច​ចចូច​ឡើយ។ បើ​សិន​ជា​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ដែល​មាន​ប្រយោជន៍​ នោះ​ខ្ញុំ​មិន​ត្រូវ​និយាយ​ទាល់​តែ​សោះ។
  6. ពេល​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត ខ្ញុំ​ជួយ​ខ្លួន​ខ្ញុំ​ឱ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​ដោយ​គិត​ពី​អ្វី​ដែល​ល្អៗ​សម្រាប់​ជីវិត​ខ្ញុំ។
  7. ដើម្បី​មាន​មិត្ត​ភក្ដិ ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​ខ្លួន​ឱ្យ​ល្អ។
  8. ខ្ញុំ​ជឿ​ថា​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​អាច​ធ្វើ​កិច្ចការ​សំខាន់ៗ​បាន។
  9. អ្វី​ដែល​ខ្ញុំ​និយាយ និង​របៀប​ដែល​ខ្ញុំ​និយាយ បង្ហាញ​ប្រាប់​អ្នក​ដទៃ​ថា​ខ្ញុំ​ជា​មនុស្ស​ប្រភេទ​ណា។
  10. ខ្ញុំ​គោរព​គ្រួសារ គ្រូ​បង្រៀន និង​សាលារៀន​របស់​ខ្ញុំ។
  11. ខ្ញុំ​ធ្វើ​ដាក់​អ្នក​ដទៃ​ដោយ​ក្ដី​គោរព។
  12. ពេល​ដែល​ខ្ញុំ​ស្ដាប់ ខ្ញុំ​បង្ហាញ​អ្នក​ដទៃ​ឱ្យ​ដឹង​ថា​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ។
  13. ខ្ញុំជាពលរដ្ឋល្អម្នាក់ ព្រោះខ្ញុំស្ម័គ្រចិត្តជួយអ្នកដទៃ។
  14. ខ្ញុំ​តែងតែ​គិត​ពី​ខ្លួន​ឯង និង​បង្កើត​ជម្រើស​ឆ្លាត​វៃ​ដែល​ល្អ និង​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ។
  15. ខ្ញុំ​តែងតែ​មាន​អ្វី​ប្លែក​ថ្មី​ដើម្បី​ឱ្យ​ខ្ញុំ​ធ្វើ​អស់​ពី​សមត្ថភាព​ជា​រៀង​រាល់​ថ្ងៃ។
  16. ខ្ញុំ​ព្យាយាម​យល់​ពី​អារម្មណ៍​របស់​មិត្ត​ភក្ដិ​ខ្ញុំ។
  17. មនុស្ស​តែងតែ​មាន​កំហុស ដូច្នេះ ដើម្បី​កុំ​ឱ្យ​ខ្ញុំ​ខឹង​ខ្លួន​ឯង ខ្ញុំ​ត្រូវ​ព្យាយាម​ឱ្យ​បាន​ល្អ​ជាង​មុន​។
  18. ខ្ញុំ​មិន​ងាយ​បោះ​បង់​ឡើយ ខ្ញុំ​ត្រូវ​ព្យាយាម​ទាល់​តែ​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​របស់​ខ្ញុំ​បាន។
  19. ការ​ចែក​រំលែក​ជាមួយ​អ្នក​ដទៃ​អាច​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ និង​ធ្វើ​ឱ្យ​អ្នក​ដទៃ​ក៏​មាន​អារម្មណ៍​ល្អ​ដូច​ខ្ញុំ​ដែរ​។
  20. ខ្ញុំ​ដោះស្រាយ​បញ្ហាដោយ​មិន​ធ្វើ​ឱ្យ​ខ្ញុំ ឬ​អ្នក​ដទៃ​ឈឺ​ចាប់​ឡើយ។
  21. ពេល​ដែល​ខ្ញុំ​កំពុង​ចាំ​វេន​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​មាន​សុជីវធម៌ ហើយ​និយាយ​ពាក្យ​ថា​សូម​អញ្ជើញ និង​អរគុណ​ជានិច្ច។
  22. ពេល​ដែល​ខ្ញុំ​ញញឹម​ទៅ​កាន់​អ្នក​ដទៃ ពួកគេ​តែងតែ​ញញឹម​ដាក់​ខ្ញុំ​វិញ។
  23. ខ្ញុំ​លើក​ទឹកចិត្ត​មិត្តភក្ដិ​ឱ្យ​ធ្វើអ្វី​ដោយ​អស់​ពី​សមត្ថភាព​របស់​ពួក​គេ។
  24. គុណ​តម្លៃ​របស់​ខ្ញុំ​ណែនាំ​ខ្ញុំ​ថា​អ្វី​ដែល​គួរ​ធ្វើ។
  25. ខ្ញុំ​ស្មោះ​ត្រង់ ខ្ញុំ​មិន​បោក​ប្រាស់ ឬ​លួច​ឡើយ​។
  26. ពេល​ដែល​ខ្ញុំ​ខឹង ខ្ញុំ​រៀន​គ្រប់​គ្រង​ខ្លួន​ឯង និង​មិន​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ឡើយ។
  27. ខ្ញុំ​មាន​ភាព​ច្នៃ​ប្រឌិដ្ឋ​ពេល​ដែល​ខ្ញុំ​រាំ គូរ​គំនូរ ផាត់​ពណ៌ ឬ​សរសេរ​កំណាព្យ ឬ​រឿង។
  28. ខ្ញុំ​និយាយ​ថា “ទេ” ចំពោះ​អ្វី​ដែល​ប៉ះពាល់​ដល់​រាង​កាយ​របស់​ខ្ញុំ​ដូច​ជា​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​។
  29. ពេល​ដែល​ខ្ញុំ​ធ្វើអ្វី​ដែល​ខ្ញុំ​និយាយ​ថា​ខ្ញុំ​នឹង​ធ្វើ នោះ​ខ្ញុំ​ជា​មនុស្ស​មាន​ភាព​ទទួល​ខុស​ត្រូវ។
  30. ខ្ញុំ​ដឹង​គុណ​នូវ​អ្វី​ដែល​ខ្ញុំ​មាន ដូច្នេះ ខ្ញុំ​ចែក​រំលែក​ដល់​អ្នក​ដទៃ។
  31. ខ្ញុំព្យាយាមរៀនអ្វីដែលថ្មីជារៀងរាល់ថ្ងៃ។
  32. ពេល​ដែល​អ្វីៗ​មិន​ដូច​ខ្ញុំ​គិត ខ្ញុំ​ឈប់​ធ្វើ ហើយ​គិត​រក​វិធី​ផ្សេង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ជាង​មុន។
  33. ខ្ញុំ​សើច​ចម្អក​ដល់​កុមារ​ដទៃ​ទេ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​មាន​ជីវិត​យ៉ាង​ដូច​ម្ដេច​ឡើយ។
  34. ខ្ញុំ​មាន​អារម្មណ៍​ជោគ​ជ័យ​ពេល​ដែល​ខ្ញុំ​អាច​ធ្វើអ្វី​បាន​ដោយ​សមត្ថភាព​របស់​ខ្ញុំ​ផ្ទាល់។
  35. មនុស្ស​ធម្មតា​តែង​មាន​អារម្មណ៍​ល្អ និងអាក្រក់។
  36. ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួនខ្ញុំ​ដោយ​បរិភោគ​អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ ហាត់​ប្រាណ និង​សម្រាប់​គ្រប់​គ្រាន់។
  37. ខ្ញុំ​គោរព​ពេល​វេលា និង​មិន​ឱ្យ​អ្នក​ដទៃ​ចំណាយ​ពេល​រង់ចាំ​ឡើយ។
  38. ពេល​ដែល​ខ្ញុំ​សហការ​ជាមួយ​អ្នក​ដទៃ ខ្ញុំ​អាច​ធ្វើកិច្ចការ​បាន​ច្រើន​។
  39. ខ្ញុំ​គោរព​វិន័យ និង​ព្យាយាម​ធ្វើ​ឱ្យ​សាលា​របស់​ខ្ញុំ​ក្លាយ​ជា​កន្លែង​ដ៏​ល្អ។
  40. ខ្ញុំ​តែងតែ​ចង់​ស្គាល់​កុមារ​ដែល​មាន​លក្ខណៈ ឬ​ស្ថានភាព​ខុស​ពី​ខ្ញុំ។
  41. ពេល​ដែល​ខ្ញុំ​និយាយ​ការ​ពិត មិត្តភក្ដិ​របស់​ខ្ញុំ​ជឿ​ជាក់​ខ្ញុំ។
  42. ខ្ញុំ​ស្វែង​រក​អ្វី​ដែល​ល្អ​របស់​អ្នក​ដទៃ និង​និយាយ​ពីអ្វី​ដែលខ្ញុំ​ចូលចិត្ត​ពី​ពួកគេ​ប្រាប់​ដល់​ពួក​គេ។
  43. ខ្ញុំទិញតែអ្វីដែលខ្ញុំត្រូវការ ហើយខ្ញុំសន្សំលុយដើម្បីទិញ។
  44. ពេល​ដែល​ខ្ញុំ​ប្រើ​ពេល​ដោយ​ឆ្លាត​វៃ ខ្ញុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​ផ្សេង​ទៀត។
  45. ខ្ញុំ​គិត​មុន​នឹង​ប្រព្រឹត្ត ហើយ​អ្វី​ដែល​ខ្ញុំធ្វើ​នោះ​ប៉ះពាល់​ដល់​អ្វី​ដែល​អ្នក​ដទៃ​ធ្វើ​មក​លើ​ខ្ញុំ។
  46. ការ​ប្រើ​អាកប្បកិរិយា​ត្រឹមត្រូវ​ជួយ​ឱ្យ​ខ្ញុំ​រក្សា​មិត្ត​បាន​ច្រើន។
  47. ខ្ញុំ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ការពារ​កុមារ​ដែល​ត្រូវ​គេ​សើច​ចម្អក។
  48. មុន​នឹង​ខ្ញុំ​ធ្វើអ្វី​មួយ ខ្ញុំ​សួរ​ខ្លួន​ឯង​ថា “តើ​វា​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ?”។ 
  49. ខ្ញុំ​គឺជា​ខ្ញុំ ហើយ​ខ្ញុំ​មិន​ចាំបាច់​ព្យាយាម​ធ្វើ​ជា​នរណា​ម្នាក់​ឡើយ។
  50. ខ្ញុំ​ខ្វល់​ពី​វត្ថុ​មាន​ជីវិត​លើ​ផែន​ដី​នេះ ដូច្នេះ​ខ្ញុំ​នឹង​ប្រើ​របស់​ច្នៃ​ឡើង​វិញ និង​មិន​ចោល​សម្រាម​ផ្ដេស​ផ្ដាស​ឡើយ។
  51. ពេល​ដែល​ខ្ញុំ​សរសេរ​ពី​អ្វី​ដែល​ខ្ញុំ​គិត និង​មាន​អារម្មណ៍ ខ្ញុំ​រៀន​អំពី​ខ្លួន​ខ្ញុំ។
  52. ខ្ញុំ​រៀប​ចំ​ផែនការ​ទុក​មុន​ជានិច្ច និង​គិត​ពី​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ពេល​ដែល​ខ្ញុំ​ធំ​ឡើង​។

ឧបករណ៍ភ្លេងពិតជាមានប្រយោជន៍សម្រាប់កុមារមែនឬ?

on Friday, 15 July 2016. Posted in Classes, Parenting Tips

iStock 000011905956Small good reasons for your child to study music RQpcbgkbKK l

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា លោក​អ្នក​គួរ​តែ​ឱ្យ​សិស្ស​ដែល​សិក្សា​ថ្នាក់​មតេ្តយ្យ​ចាប់​ផ្តើម​រៀន​លេង​ឧបករណ៍​ភ្លេង​ដូច​ជា ស្គរ ព្យ៉ាណូ រនាថ ហ្គីតា ត្រែ វីយូទ្បុង  និង​កណ្តឹង​ជា​ដើម។

តើ​លោក​អ្នក​មាន​កូន​តូច​ដែល​បង្ហាញ​ថា​គេ​ចាប់​អារម្មណ៍​លើ​តន្ត្រី​ដែរ​ឬ​ទេ? នេះ​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​មួយ ព្រោះ​តន្រ្តី​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​កុមារ សូម្បី​តែ​កុមារ​ដែល​កំពុង​រៀន​ថ្នាក់​មត្តេយ្យ​ក៏​ដោយ។ អ្នក​ជំនាញ​បាន​ប្រាប់​ថា មាន​ហេតុ​ផល​ជា​ច្រើន​ដែល​លោក​អ្នក​គួរ​តែ​ជំរុញ​កូនៗ​ឱ្យ​រៀន​លេង​ឧបករណ៍​ភ្លេង។ គ្រប់​គ្នា​សុទ្ធ​តែ​ស្រឡាញ់​តន្ត្រី​មិន​ថា​អ្នក​មក​ពី​ណា​ទេ គឺ​អ្នក​នឹង​រីករាយ​ការ​ស្ដាប់​ភ្លេង​ដ៏​ពិរោះ​រណ្ដំ​។ ការ​អនុញ្ញាត​ឱ្យ​កូនៗ​ដែល​កំពុង​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ចាប់​ផ្ដើម​សិក្សា​មេរៀន​តន្រ្តី​គឺ​ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ច្នៃ​ប្រឌិត និង​ការ​ចេះ​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ផ្សេង​ក្រៅពី​ទូរទស្សន៍ ឬ​វីដេអូ​ហ្គេម។ ខាង​ក្រោម​នេះ​គឺ​ជា​ឧបករណ៍​ភ្លេង​ទាំង 12 ដែល​ស័ក្ដិសម​បំផុត​សម្រាប់​សិស្ស​ដែល​កំពុង​រៀន​ថ្នាក់​មត្តេយ្យ៖ 

 

  • ស្គរ៖

drum

ជាការ​ពិត​ណាស់ ឧបករណ៍​នេះ​ប្រហែល​ជា​មាន​សំឡេង​រំខាន​បន្តិច​មែន ប៉ុន្តែ​វា​គឺ​ជា​ឧបករណ៍​មួយ​ប្រភេទ​ដែល​ជាទី​ចាប់​អារម្មណ៍​របស់​សិស្ស​ថ្នាក់​មត្តេយ្យ​​​​​​​​​។ ឧបករណ៍​នេះ​​មិនមែន​គ្រាន់​តែ​ធ្វើឱ្យ​អ្នក​លេង​មាន​អារម្មណ៍​សប្បាយ និង​ចេះ​បង្កើត​បទ​ភ្លេង​ថ្មី​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​បង្រៀន​កូនៗ​របស់​លោក​អ្នក​ឱ្យ​ស្គាល់​ចង្វាក់ និង​អភិវឌ្ឍ​បញ្ញា​ស្មារតី​របស់​ពួក​គេ​ថែម​ទៀត​ផង​។

  • ព្យ៉ាណូ៖

piano

តាម​អ្នក​ដែល​មាន​ជំនាញ​ខាង​តូរ្យ​តន្ត្រី​បាន​ប្រាប់​ថា ព្យ៉ាណូ​​ជា​ឧបករណ៍​តន្ត្រី​ដ៏​ល្អ​មួយ​ប្រភេទ​ក្នុង​ចំណោម​ឧបករណ៍​ភ្លេង​ដទៃ​ទៀត​សម្រាប់​សិស្ស​មត្តេយ្យ។ វា​អាច​ជួយ​ពួក​គេ​សិក្សា​ពី​គ្រាប់​ចុច​នីមួយៗ​នៅ​លើ​ព្យ៉ាណូ និង​គន្លឹះ​ប្រភេទ​ភ្លេង។

  • រនាថ៖

xylophone

វា​គឺ​ជា​ឧបករណ៍​ភ្លេង​សាមញ្ញ​មួយ​ប្រភេទ ប៉ុន្តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍។ នេះ​ជា​ជំរើស​ដ៏​ប្រសើរ​សម្រាប់​សិស្ស​ថ្នាក់​មតេ្តយ្យ ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការ​រៀន និង​មាន​សំឡេង​យ៉ាង​ពិរោះ​រណ្តំ​។

  • ហ្គីតា៖

guitar

ហ្គីតា គឺ​ជា​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​ដែល​បង្រៀន​កូន​របស់​អ្នក​អំពី​ការ​ប្រើប្រាស់​ចលនា​ម្រាម​ដៃ និង​របៀប​ប្រើ​ប្រាស់​ដៃ​ទាំង​ពីរ​ក្នុង​ការ​បង្កើត​បទ​ភ្លេង។ ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​ហ្គីតា​ដែល​មាន​គុណភាព​ល្អ អ្នក​គួរ​គប្បី​ជ្រើស​​យក​ប្រភេទ​ហ្គីតា Confetti Acoustic ដែល​ជា​ផលិតផល​របស់ Janod។

  • ត្រែ៖

trumpet

  • ត្បិត​តែ​ត្រែ​មាន​សំឡេង​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​វា​ជា​ឧបករណ៍​ភ្លេង​ម្យ៉ាង​ដែល​អាច​ជួ​យជំរុញ​ទឹក​ចិត្ត​កូនៗ​របស់​លោក​អ្នក​ឱ្យ​សប្បាយ​រីករាយ និង​អាច​បង្ហាញ​ពី​ការ​ច្នៃ​ប្រឌិត​របស់​ពួក​គេ​តាម​រយៈ​ការ​លេង​នូវ​ឧបករណ៍​នេះ។

    វីយូទ្បុង៖

violin

ឧបករណ៍​ភ្លេង​បុរាណ​មួយ​នេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​សម្រាប់​ពេល​បច្ចុប្បន្ន។​ វា​គឺ​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បង្រៀន​កូនៗ​លោក​អ្នក​ពី​តន្ត្រី​បុរាណ។ ប្រសិន​បើ​លោក​អ្នក​ចង់​ស្វែង​យក​វីយូទ្បុង​ដែល​មាន​គុណភាព​ខ្ពស់ ដែល​បង្កើត​ទ្បើង​ស័ក្តិសម​សម្រាប់​កុមារ​នោះ សូម​ជ្រើសរើស​ផលិតផល​របស់ Toy Wonders។

ខាង​ក្រោម​នេះ​គឺ​ជា​អត្ថប្រយោជន៍​ទាំង 5 ដែល​កូនៗ​លោក​អ្នក​ទទួល​បាន​ពី​ការ​លេង​ឧបករណ៍​ភ្លេង៖

  • បង្កើន​ថាមពល​ខួរ​ក្បាល៖

ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា តន្ត្រី​មាន​សមត្ថភាព​ជំរុញ​ខួរ​ក្បាល​ឱ្យ​មាន​ដំណើរ​ការ​ល្អ​ក្នុង​ការ​គណនា​លេខ ការ​អាន និង​ការ​អភិវឌ្ឍ​ផ្នែក​ស្មារតី​ទៀត​ផង។ លើស​ពី​នេះ អ្នក​ជំនាញ​ក៏​បាន​មាន​ប្រសាសន៍​ថា កុមារ​ដែរ​ចាប់​ផ្តើម​រៀន​តន្ត្រី​តាំង​ពី​ក្មេង ទំនង​ជា​អាច​មាន​ភាព​ជោគ​ជ័យ និង​ទទួល​បាន​សមិទ្ធិផល​ខ្ពស់​ក្នុង​ការ​សិក្សា។

  • ជួយបង្កើនការចងចាំ៖

យោង​តាម​អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា ការ​អនុញ្ញាត​កុមារ​ឱ្យ​ចាប់​ផ្តើម​រៀន​តន្ត្រី​តាំង​ពី​វ័យ​ក្មេង​ អាច​ជួយ​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​ការ​ចង​ចាំ និង​សមត្ថភាព​ក្នុង​ការ​សិក្សា។ ដោយ​សារ​ការ​លេង​ឧបករណ៍​ភ្លេង​អាច​ជួយ​ឱ្យ​ខួរ​ក្បាល​កុមារ​មាន​ការ​អភិវឌ្ឍ។

  • ជួយបង្កើនភាពរស់រវើកនៃរូបរាង្គកាយ៖

នៅ​ពេល​ដែល​កូនៗ​របស់​អ្នក​ចាប់​ផ្តើម​លេង​ភ្លេង​តាំង​ពី​តូចៗ អ្នក​អាច​ទុក​ចិត្ត​បាន​ថា កូនៗ​របស់​អ្នក​នឹង​មាន​ជំនាញ​ស្គាល់​ញាណ​ពី​ការ​ចាប់​កាន់ ឬ​ប៉ះ និង​ចេះសម្រប​ខ្លួន​ទៅ​នឹង​អ្វី​មួយ។ ចំពោះ​ឧបករណ៍​គោះ​វិញ​នោះ​ពិត​ជា​មាន​សារ​សំខាន់ ព្រោះ​វា​តម្រូវ​ឱ្យ​កុមារ​ប្រើ​ដៃ ប្រអប់​ដៃ និង​ប្រអប់​ជើង​ដើម្បី​ធ្វើ​ចលនា។

  • ចេះគោរពខ្លួនឯង៖

នៅ​ពេល​ដែល​កូន​របស់​លោក​អ្នក​ចាប់​ផ្តើម​លេង​ឧបករណ៍​តន្ត្រី ពួក​គេ​នឹង​ដឹង​ថា​ពួក​គេ​អាច​ធ្វើ​ល្អ​ជាង​នេះ​ប្រសិន​បើ​ពួក​គេ​ព្យាយាម​កាន់​តែ​ខ្លាំង។ ការ​ព្យាយាម​នេះ​ដែរ​នឹង​ជួយ​ពួក​គេ​ឱ្យ​ជម្នះ​ភាព​ភ័យ​ខ្លាច និង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​ការ​គោរព​ខ្លួន​ឯង​ផង​ដែរ។

  • បង្កើនការច្នៃប្រឌិត៖

ឧបករណ៍​ភ្លេង គឺ​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​ជួយ​បង្កើន​គំនិត​ច្នៃ​ប្រឌិត​បើ​ទោះ​បី​ជា​កុមារ​ស្ថិត​ក្នុង​វ័យ​ដែល​កំពុង​សិក្សា​ថ្នាក់​មត្តេយ្យ។ ការ​លេង​ឧបករណ៍​តន្រ្តី គឺ​ជា​សកម្មភាព​បង្កើត​អ្វី​ដែល​ថ្មី និង​ភាព​ច្នៃប្រឌិត​ដែល​មាន​ប្រយោជន៍​ចំពោះ​រាងកាយ ចិត្ត និង​គំនិត។ មិន​ថា​ពួក​គេក្មេង​យ៉ាង​ណា​ទេ លោកអ្នក​គួរ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គេ​ស្ដាប់​តន្រ្តី និង​លេង​ឧបករណ៍​ភ្លេង​ផ្សេងៗ​។ ឧបករណ៍​ទាំង​នោះ​នឹង​ជួយ​ពួក​គេ​ដូច​ជា ពីការ​ថាមពល​ខួរ​ក្បាល​ទៅ​ជា​ការ​បង្រៀន​ពី​វិន័យ​ ដែល​តន្រ្តី​អាច​ជួយ​បាន​ច្រើន​ដល់​ក្មេងៗ​ដែល​កំពុង​សិក្សា​ថ្នាក់​មត្តេយ្យ។ ប្រសិន​បើ​លោកអ្នក​មិន​ទាន់​បាន​ឱ្យ​ពួក​គេ​ស្ដាប់ ឬ​លេង​ឧបករណ៍​តន្រ្តី​នោះ​ទេ លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ស្វែង​រក​ឧបករណ៍​តន្រ្តី​ណា​ដែល​ត្រូវ​បាន​រចនា​ជា​ពិសេស​សម្រាប់​កុមារ​វ័យ​សិក្សា​ថ្នាក់​មត្តេយ្យ​៕

ថ្នាក់សិក្សាតន្រ្តីសម្រាប់កុមារ 3 - 12 ឆ្នាំ | Music Classes for Children from 3 - 12 Years Old Open

on Monday, 04 January 2016. Posted in Classes

little girl playing guitar

សាលាអន្តរជាតិ លីបឺធី យើងខ្ញុំ​មាន​ក្ដី​សោមនស្ស​ជម្រាប​ជូន​លោក​អ្នក​ពី​ការ​បើក​ថ្នាក់​សិក្សា​តន្ត្រី​នៅ​ថ្ងៃទី 30 ខែ​មករា ឆ្នាំ 2016 ខាង​មុខ​នេះ។ កម្មវិធិសិក្សា​តន្ដ្រី​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ លើ​ការ​បង្រៀន​ដោយ​គ្រូ​មាន​ជំនាញ​ច្បាស់​លាស់ និង​បទពិសោធន៍​ខ្ពស់​ផ្នែក​តន្ដ្រី។ ការសិក្សា​មាន​ពីរ​ជំនាញ​សម្រាប់​ជ្រើសរើស គឺ​ផ្នែក​អក និង​ផ្នែក​ហ្គីតា ដែល​មាន​រយៈ​ពេល 10 សប្ដាហ៍ ក្នុង​មួយ​វគ្គ​សិក្សា។ ចំណែក​ការ​សម្ដែង​សមត្ថភាព​របស់​សិស្ស នឹង​ត្រូវ​រៀប​ចំ​រាល់​ពេល​បញ្ចប់​ការ​សិក្សា​វគ្គ​នីមួយៗ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មក​កាន់​ការិយាល័យ​យើង​ខ្ញុំ​ដោយ​ផ្ទាល់​តាម​រយៈ​លេខ​ទូរស័ព្ទ 023 6312 857។

Liberty International School is pleased to announce that we are starting our after-school music program on the 30th of January, 2016. This program is fully accredited by the Ministry of Culture and Fine Arts and will be run for 10 weeks per term. A recital performance will be organized by the end of the term. For further information, please call our office: 023 6312 857.